ទ
ព្យញ្ជនៈទី ៣ ក្នុងវគ្គទី ៤ ជាទន្តជៈ មានសំឡេងចេញត្រង់ប្រទល់ធ្មេញ ជាសិថិល-ឃោសៈ; សំ. បា. អ. ថ. ទៈ ផ្សេងគ្នាពីសំឡេង ឌៈ ។
( ន. ) ប្រដាប់ធ្វើដោយឈើ, ឫស្សី ឬដោយស័ង្កសីជាដើម សម្រាប់រង, សម្រាប់បង្ហូរទឹក : ទឹកហូរតាមទ; ផ្ទះភ្លោះ ៥ ខ្នងមានទ ៤ កន្លែង ។ ធ្នារទឹកភ្លៀងដែលធ្លាក់ពីអាកាស : ទនៃទឹកភ្លៀង (បា. ហៅ ឧទកធារ, ជលធារ “ធារទឹក, ទនៃទឹក”) ។ ទ នេះជាសព្ទកំព្រា, ត្រូវសរសេរ ទ-ទឹក (ទនៃទឹក), កុំឲ្យច្រឡំនឹង ភ្លៀងទទឹក, សំពត់ទទឹក ។ ឧទាហរណ៍សម្រាប់ប្រើពាក្យ ទ និង ទរ : ទស័ង្កសីនៅផ្ទះបាយវាធ្លុះលេចទឹក, ខ្ញុំអាល័យតែផ្សារ-ទ ឲ្យជិតឡើងវិញ, ស្រាប់តែឆ្មាមួយចូលទៅក្នុងផ្ទះបាយ ទរត្រីអាំងម៉ែអស់មួយតម្បុត, ម៉ែមិនទរឆ្មា, បែរជាទរខ្ញុំកំពុងផ្សារ-ទ ធ្លុះឯណេះទៅវិញថា ខ្ញុំមិនជួយមើលត្រីអាំងឲ្យផង បណ្ដាលឲ្យឆ្មាទរអស់ (ម. ព. ទរ ទៀតផង) ។